គ្រីស្ទបរិស័ទកើតជាថ្មីបាត់សេចក្ដីសង្គ្រោះទេ?
ចម្លើយដែលចេញពីព្រះគម្ពីរលើសំណួរនេះគឺច្បាស់ណាស់ ហើយមានពេញទៅដោយអំណរ «ទេ!»។ បុគ្គលណាដែលបានកើតជាថ្មីហើយមិនអាចស្លាប់វិញបានឡើយ ពោលគឺមិនអាចមិនកើតម្ដងទៀតបាននោះទេ។ ខ្ញុំនឹងលើកឡើងនូវផ្នត់គំនិតមួយចំនួន ដែលមានចេញពីព្រះគម្ពីរ ដោយផ្ដោតទៅលើខគម្ពីរ តាមដែលខ្ញុំអាចធ្វើទៅបាន ដោយមិនគ្រាន់តែផ្ដោតលើទេវវិទ្យាប៉ុណ្ណោះឡើយ។
គ្មានការបោះបង់ចោល
ជីវិតដែលយើងទទួលបាននៅពេលកើតជាថ្មីគឺជាជីវិតដ៏នៅអស់កល្បជានិច្ច។ «ឯទីបន្ទាល់នោះគឺថា ព្រះបានប្រទានជីវិតអស់កល្បជានិច្ចមកយើង [បានប្រទានជីវិតអស់កល្បជានិច្ច] ហើយជីវិតនេះ គឺនៅក្នុងព្រះរាជបុត្រារបស់ព្រះអង្គ» (១យ៉ូហាន ៥:១១)។ ព្រះអង្គមិនបានប្រទានជីវិតបណ្ដោះអាសន្នដល់យើងទេ។ ព្រះអង្គបានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចដល់យើង។ ឥឡូវនេះ យើងកំពុងតែមានចំណែកក្នុងជីវិតនៃសម័យកាលដែលនឹងកើតឡើង។
នេះគឺជាប្រយោគដ៏សំខាន់មួយទៀត៖ «ព្រះអង្គបានតម្រូវទុកជាមុន»។ ប្រយោគនោះមានក្នុងកណ្ឌគម្ពីររ៉ូម ៨:៣០៖ «ឯអស់អ្នកដែលព្រះអង្គបានតម្រូវទុកជាមុន ទ្រង់ក៏បានត្រាស់ហៅ ហើយអស់អ្នកដែលព្រះអង្គបានត្រាស់ហៅ ទ្រង់ក៏រាប់ជាសុចរិត ហើយអស់អ្នកដែលព្រះអង្គបានរាប់ជាសុចរិត ទ្រង់ក៏លើកតម្កើង»។ ការលើកតម្កើង [ឬក៏ការទទួលបានសិរីល្អ] គឺជាសណ្ឋានចុងក្រោយនៃសេចក្ដីសង្គ្រោះដ៏អចិន្ត្រៃយ៍។ ខគម្ពីរនេះបានលើកឡើងថា «បានត្រាស់ហៅ»—ដោយគ្មានការបោះបង់អ្នកណាម្នាក់ចោលទេ—ក៏ទទួលបានការរាប់ជាសុចរិត ហើយគ្រប់គ្នាគឺទទួលបានការរាប់ជាសុចរិត—ដោយគ្មានការបោះបង់អ្នកណាម្នាក់ចោលទេ—ក៏ទទួលបានការលើកតម្កើងដែរ។
ចម្លើយគឺថា៖ ប្រសិនបើព្រះជាម្ចាស់បានត្រាស់ហៅលោកអ្នក នោះលោកអ្នកនឹងមិនអាចបាត់បង់សេចក្ដីសង្គ្រោះនេះបានឡើយ។ ហើយខ្ញុំនឹងវែកញែកថា ការទទួលបានកាត្រាស់ហៅ និងការកើតជាថ្មីគឺជាចំណុចដូចគ្នា។ យើងនឹងទទួលបានការរាប់ជាសុចរិត ហើយយើងក៏នឹងទទួលបានការលើកតម្កើង ពីព្រោះយើងបានទទួលការត្រាស់ហៅ—ដែលនេះមានន័យថា យើងបានកើតជាថ្មី។
ការហៅឲ្យមានជីវិត
ប្រភេទនៃការត្រាស់ហៅដែលសាវ័ក ប៉ុល កំពុងតែមានប្រសាសន៍ក្នុងកណ្ឌគម្ពីរ រ៉ូម ៨:៣០ គឺជាការត្រាស់ហៅលោក ឡាសារ តាមរយៈព្រះយេស៊ូវ ឲ្យចេញពីផ្នូរ «ឡាសារ! ខ្ញុំដឹងថាឯងស្លាប់ហើយ ប៉ុន្តែចូរចេញមក» (សូមមើលកណ្ឌគម្ពីរ យ៉ូហាន ១១:៤៣)។ ការត្រាស់ហៅបង្កើតឲ្យមានជីវិត ហើយនោះឯងគឺជាអ្វីដែលបានកើតឡើងចំពោះអ្នកដែលជាគ្រីស្ទបរិស័ទ៖ ការត្រាស់ហៅដែលមានពេញទៅដោយអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បង្កើតឲ្យមានជីវិត។ នេះមានន័យថា មានសេចក្ដីសន្យាជាមួយនឹងការត្រាស់ហៅនេះដែរ។
ខាងក្រោមនេះគឺជាខគម្ពីរមួយចំនួនដែលបង្ហាញអំពីការតភ្ជាប់នេះ៖
កណ្ឌគម្ពីរ ១ថែស្សាឡូនីច ៥:២៣–២៤ «សូមព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង…រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងយាងមក។ ព្រះដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចការនេះ»។ នៅក្នុងខនេះមានផ្នត់គំនិតដូចគ្នា៖ ប្រសិនបើព្រះជាម្ចាស់បានត្រាស់ហៅលោកអ្នក នោះព្រះអង្គក៏នឹងនៅជាព្រះដ៏ស្មោះត្រង់ដែរ។ ព្រះអង្គនឹងរក្សាលោកអ្នកឲ្យនៅរហូតដល់ថ្ងៃចុងក្រោយ។
លោកអ្នកអាចអានមេរៀននេះឡើងវិញតាមតំណភ្ជាប់ខាងក្រោមនេះ៖
https://plovpit.com/can-a-born-again-christian-lose-salvation/?swcfpc=1
Hosted on Acast. See acast.com/privacy for more information.