Listen

Description

#ព្រះ​យេស៊ូវ​បាន​យាង​មក​សម្រាប់​អស់​អ្នក​ដែល​ឆ្លុះ​កញ្ចក់ ហើយ​ឃើញ​ភាព​អាក្រក់​របស់​ខ្លួន។ ព្រះ​យេស៊ូវ​បាន​យាង​មក​សម្រាប់​កូន​ស្រីៗ​ដែល​ឪពុក​ខ្លួន​មិន​ដែល​ប្រាប់​ពួក​គាត់​ថា ពួក​គាត់​ស្អាត។ បុណ្យ​ណូអែល​សម្រាប់​អស់​អ្នក​ដែល​ទៅ «ជប់​លៀង» តែ​ម្នាក់​ឯង។ បុណ្យ​ណូអែល​សម្រាប់​អស់​អ្នក​ដែល​ជីវិត​របស់​ពួកគេ​ត្រូវ​បាន​បំផ្លាញ​ដោយ​ជំងឺ​មហារីក ហើយ​ការ​ដែល​ស្រមៃ​ថា​បាន​រស់​នៅ​ដល់​បុណ្យ​ណូអែល​ឆ្នាំ​ក្រោយ​​ហាក់​បី​ដូច​ជា​សុបិន្ដ​ដែល​មិន​អាច​កើត​ឡើង​បាន។ បុណ្យ​ណូអែល​សម្រាប់​អស់​អ្នក​ដែល​ឯកា​គ្រប់​ពេល​វេលា ប្រសិន​បើ​គាត់​គ្មាន​បណ្ដាញ​សង្គម​លេង។ បុណ្យ​ណូអែល​សម្រាប់​អស់​អ្នក​ដែល​មាន​ជីវិត​អាពាហ៍ពិពាហ៍​ប្រេះស្រាំ ហើយ​ក៏​កំពុង​ឈាន​ដល់​ការ​លះលែង​គ្នា​ដែរ។ បុណ្យ​ណូអែល​សម្រាប់​កូន​ប្រុស​ដែល​ឪពុក​ខ្លួន​ទិញ​សម្ភារៈ​បរបាញ់​សត្វ​ឲ្យ ខណៈ​ពេល​ដែល​កូន​គាត់​ចង់​បាន​តែ​សម្ភារ:​ហត្ថកម្ម​ប៉ុណ្ណោះ។ បុណ្យ​ណូអែល​សម្រាប់​អស់​អ្នក​ដែល​ញៀន​បារី ខណៈ​ពេល​ដែល​គាត់​មិន​អាច​ឈប់​ជក់​បាន ទោះ​បើ​គាត់​ដឹង​ថា គាត់​កំពុង​តែ​ប្រឈមមុខ​នឹង​សេចក្តី​ស្លាប់​ក៏​ដោយ។ បុណ្យ​ណូអែល​សម្រាប់​ស្ត្រី​ពេស្យា ពួក​ផិត​ក្បត់ និង​តារា​សម្ដែង​រឿង​អាសអាភាស​ដែល​ចង់​បាន​សេចក្ដី​ស្រឡាញ់​ខុស​របៀប និង​ខុស​ទី​កន្លែង។ បុណ្យ​ណូអែល​សម្រាប់​ពួក​និស្សិត​មហាវិទ្យាល័យ​ដែល​កំពុង​អង្គុយ​ជួប​ជុំ​គ្នា​ជា​មួយ​នឹង​គ្រួសារ ហើយ​អន្ទះអន្ទែង​ចង់​ចេញ​ទៅ​ផឹក​ស្រា​ទៀត។ បុណ្យ​ណូអែល​សម្រាប់​អស់អ្នក​ដែល​​បរាជ័យ​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ការ​ចាប់​យក​ក្តី​ស្រមៃ​របស់​ខ្លួន។ បុណ្យ​ណូអែល​សម្រាប់​អស់​អ្នក​ដែល​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​គ្រួសារ និង​បំផ្លាញ​មរតក—ពួកគេ​ចង់​វិល​ត្រឡប់​ទៅ «ផ្ទះ» វិញ ប៉ុន្តែ​ពួក​គេ​មិន​អាច​នឹក​ស្រមៃ​បាន​ថា បង​ប្អូន គ្រួសារ​នឹង​ទទួល​យក​គាត់​វិញ ដោយ​ភាព​កក់​ក្តៅ​ទេ។ បុណ្យ​ណូអែល​សម្រាប់​ឪពុក​ម្ដាយ​ដែល​កំពុង​មើល​ជីវិត​អាពាហ៍ពិពាហ៍​របស់​កូន​ខ្លួន​បរាជ័យ។

តាម​ពិត​ទៅ បុណ្យ​ណូអែល​ជា​ដំណឹង​ល្អ​នៃ​ព្រះ​គុណ​សម្រាប់​ពួក​មនុស្ស​មាន​បាប។ ដោយ​អាស្រ័យ​លើ​រាល់​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​គ្រីស្ទ​បាន​សម្រេច​នៅ​លើ​ឈើ​ឆ្កាង នោះ​ស្នូក​សត្វ​ក៏​បាន​ក្លាយ​ជា​ទីកន្លែង​ដែល​ពេញ​ដោយ​ក្ដី​សង្ឃឹម​ក្នុង​ចក្រវាល​ដ៏​ងងឹត​ដែល​គ្មាន​សង្ឃឹម​ឡើយ។ ក្នុង​ចំណោម​ការ​សើច​ចំអក​នៃ​ការ​សើច​ចំអក​ជា​ច្រើន បុណ្យ​ណូអែល​សម្រាប់​អស់​អ្នក​ដែល​ពិបាក​នឹង​អរ​សប្បាយ​នៅ​ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល​នេះ។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ បុណ្យ​ណូអែល​គឺ​សម្រាប់​អស់​អ្នក​ដែល​ស្អប់​បុណ្យ​នេះ​ខ្លាំង​ជាង​គេ។

---------------------------------------------------------------------------------------------------------

និពន្ធ​ដោយ៖ លោក​គ្រូ Matt Redmond

បកប្រែដោយ៖ លោក​គ្រូ ឈាង បូរ៉ា

កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, កញ្ញា ជុំ ចាន់ដារ៉ា, កញ្ញា អឿង ដាលីន, លោកគ្រូ លូកា ស្មីត

និងអ្នកគ្រូ សេង សុខា

ដកស្រង់ខ្លះៗចេញពី https://www.thegospelcoalition.org/article/christmas-is-for-those-who-hate-it-most/ ដោយមានការអនុញ្ញាត។


Hosted on Acast. See acast.com/privacy for more information.