Listen

Description

ខ្ញុំ​សូម​កោត​សរសើរ​ចំពោះ​សារ​នីមួយៗ​ដែល​បាន​ជន់​លិច​ពេញ​ទូរស័ព្ទ​របស់​ខ្ញុំ​ដោយ​ចង់​ជួយ និង​ពាក្យ​សន្យា​ថា​នឹង​អធិស្ឋាន​ឲ្យ។ ដូច​គ្នា​អ៊ីម៉ែល​របស់​ខ្ញុំ​ក៏​អញ្ចឹង​ដែរ។ ពួក​គេ​គឺ​ជា​ពរជ័យ និង​ការ​ដ៏​អស្ចារ្យ​ភ្លាមៗ​ចំពោះ​ខ្ញុំ។ ប៉ុន្តែ មាន​អ្វី​ដែល​គួរ​ឲ្យ​ប៉ះពាល់​ជាង​នោះ​ទៅ​ទៀត គឺ​ពេល​ដែល​កាត​បាន​ចាប់​ផ្តើម​មក​ដល់​ប្រអប់​សំបុត្រ​ខ្ញុំ​ពីរ​បី​ថ្ងៃ​ក្រោយ​ពេល​ឪពុក​ខ្ញុំ​បាន​ស្លាប់។ ខ្ញុំ​មិន​ដែល​ឲ្យ​តម្លៃ​លើ​ផ្កា​ប៉ុន្មាន​ទេ ប៉ុន្តែ​ចំពោះ​ការ​រៀប​ចំ​មួយ​ចំនួន​ដែល​បាន​មក​ដល់​មាត់​ទ្វារ គឺ​វា​ពិត​ជា​មាន​អត្ថ​ន័យ​ណាស់​សម្រាប់​ខ្ញុំ។ ពេល​យើង​ទៅ​ដល់​ផ្ទះ​បង​ស្រី​ខ្ញុំ​នៅ​ខេត្ត​កណ្ដាល យើង​ឃើញ​ថា ផ្ទះ​បាយ​របស់​យើង​ហៀរ​ហូរ​ទៅ​ដោយ​ម្ហូបអាហារ ហើយ​ម្ហូប​នីមួយៗ​គឺ​ជា​និមិត្តរូប​នៃ​សេចក្តី​ស្រឡាញ់​ដ៏​តូចៗ​របស់​អ្នក​ឲ្យ​មក​យើង។ ទាំង​នេះ​ជា​ការ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​អាណិត​អាសូរ​ដែល​អាច​មើល និង​ប៉ះ​បាន។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់​លើ​អត្ថ​ន័យ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ពួក​គេ។

ហើយ​បន្ទាប់​មក មាន​តួនាទី​នៃ​វត្តមាន​ខាង​ឯង​រូប​កាយ។ នៅ​ពេល​ខ្ញុំ​បាន​ទទួល​ដំណឹង​នោះ—ខ្ញុំ​ក៏​បាន​ប្រាប់​លោក​គ្រូ សំបូរ ដែល​ជា​មិត្តភក្ដិ អ្នក​ចាំ​ទុំ​ម្នាក់​ដូច​ខ្ញុំ​នៅ​ក្រុម​ជំនុំ និង​ជា​គ្រូ​គង្វាល—គាត់​ក៏​បាន​មក​ដល់​ផ្ទះ​របស់​យើង​ភ្លាមៗ ដើម្បី​អធិស្ឋាន​ជា​មួយ​យើង។ គាត់​បាន​មក​ដល់​ទី​កន្លែង​ផ្ទាល់​តែ​ម្តង។ នៅ​ព្រឹក​នៃ​កម្ម​វិធី​បុណ្យ​សព ខ្ញុំ​មាន​អារម្មណ៍​រឹងមាំ​ហើយ​គិត​ពី​កម្មវិធី—ដោយ​ពិនិត្យ​មើល​ថា​ផ្កា​នៅ​កន្លែង​របស់​វា​ឬ​ក៏​អត់ ហើយ​មើល​ថា​មេក្រូ​មាន​ដំណើរ​ការ​ឬ​ក៏​អត់។ តែ​បន្ទាប់​មក មិត្តភក្ដិ​ខ្ញុំ​ឈ្មោះ ធីតា បាន​ដើរ​ចូល​ព្រះ​វិហារ—គាត់​ជា ​បង​ស្រី​ម្នាក់​ហើយ​ក៏​មិត្តភក្ដិ​ម្នាក់​ដែរ—ហើយ​នៅ​ពេល​ខ្ញុំ​ឱប​គាត់ នោះ​ទើប​ខ្ញុំ​យំ។ ប្រាកដ​ណាស់! ខ្ញុំ​បាន​យំ​ដោយ​មាន​ភាព​សោកសៅ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​យំ​ដោយ​សារ​មាន​វត្តមាន​របស់​គាត់​នៅ ​ទី​នោះ​ផង​ដែរ—គាត់​បាន​ធ្វើ​ដំណើរ​ជា​មួយ​ប្តី​របស់​គាត់​ពី​ខេត្ត​បាត់ដំបង​មក​ខេត្ត​កណ្ដាល ដើម្បី​មក​កំដរ​យើង។ នៅ​ពេល​ខ្ញុំ ​ក្រោក​ឈរ​ឡើង ដើម្បី​ស្វាគមន៍​អ្នក​ចូល​រួម និង​ដើម្បី​អរគុណ​ដល់​ពួក​គេ​ដែល​បាន​មក ខ្ញុំ​ក៏​មាន​អារម្មណ៍​រំជួល​ចិត្ត​ពេល​បាន​ឃើញ​មិត្តភក្ដិ​ផ្សេងៗ​ទៀត​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ ដោយ​ចំណាយ​ថវិកា​ច្រើន ហើយ​ក៏​ខកខាន​ភារកិច្ច​ផ្សេងៗ​ជា​ច្រើន​ដែរ គឺ​ដើម្បី​ឲ្យ​មាន​ពេល​មក​កំដរ​យើង​ពេល​យើង​កំពុង​កាន់​ទុក្ខ។

ដូច្នេះ ចេញ​ពី​អ្វីៗ​ទាំង​អស់​នេះ ខ្ញុំ​រៀន​បាន​អំពី​តម្លៃ​នៃ​វត្តមាន និង​តម្លៃ​នៃ​ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ដែល​អាច​មើល​ឃើញ។ ជាក់​ស្តែង ក្នុង​ករណី​ជា​ច្រើន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​គឺ​មាន​តែ​តាម​បណ្ដាញ​សង្គម ហើយ​បន្ទាប់​មក​ជា​ការ​ពិត វា​ត្រឹម​ត្រូវ និង​ល្អ​ណាស់​ក្នុង​ការ​ផ្ញើ​សារ ឬ​ផ្ញើ​អ៊ីម៉ែល។ ប៉ុន្តែ នៅ​ពេល​ដែល​ឱកាស ឬ​ក៏​ភាព​ជិត​គ្នា​អនុញ្ញាត​ឲ្យ​មាន ខ្ញុំ​ដឹង​អំពី​អត្ថ​ន័យ​នៃ​ការ​នៅ​ជា​មួយ​មនុស្ស ឬ​ក៏​បើ​ពេល​នោះ​មិន​មែន​ជា​តួនាទី​របស់​ខ្ញុំ អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ផ្ញើ​អ្វី​មួយ​ឲ្យ​ពួក​គាត់។ វា​ស្ទើរ​តែ​ដូច​ជា​មាន​ជម្រាល​នៃ​ការ​លួង​លោម​ពី​ការ​ផ្ញើ​សារ​ទៅ​ជា​ការ​ផ្ញើ​អ៊ីម៉ែល ពី​ការ​ផ្ញើ​កាត​ទៅ​ជា​ការ​ផ្ញើ​ផ្កា ឬ​រហូត​ដល់​ការ​មាន​វត្តមាន​ផ្ទាល់។ នៅ​ពេល​អនាគត ខ្ញុំ​ចង់​ប្រាកដ​ថា​ខ្ញុំ​នឹង​ផ្តល់​នូវ​ការ​លួង​លោម​ដ៏​អស្ចារ្យ​បំផុត តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ហើយ​សម​នឹង​ស្ថាន​ភាព​នោះ សូម្បី​តែ (ឬ​ក៏​ថា​ជា​ពិសេស) នៅ​ពេល​ដែល​វា​ទាក់​ទង​នឹង​ការ​ចំណាយ​ថវិកា និង​ការ​មាន​ការ​ខកខាន​ភារកិច្ច​ជា​ច្រើន​មក​លើ​ខ្ញុំ។

ឆ្នាំ ២០១៩ បាន​មក​ដល់ ហើយ​វា​ក៏​ទៅ​វិញ​បាត់​ដែរ។ វា​ជា​ឆ្នាំ​នៃ​ការ​ទទួល​បាន​ពរជ័យ​ជា​ច្រើន ប៉ុន្តែ​ក៏​ជា​ឆ្នាំ​នៃ​ការ​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន​ផង​ដែរ ហើយ​គ្រួសារ​យើង​ក៏​បាន​ឯកភាព​ថា វា​ក៏​ជា​ការ​ល្អ​ដែល​ឆ្នាំ ២០២០ បាន​មក​ដល់។ ហើយ​ឥឡូវ​នេះ ដូច​ដែល​ពាក្យ​ចាស់​ពោល៖ យើង​មិន​ដឹង​ថា​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​យើង​ដឹង​ថា​អ្នក​ណា​ជា​អ្នក​កាន់​អនាគត។ យើង​ដឹង​ថា យើង​នឹង​ទទួល​បាន​ព្រះ​គុណ​របស់​ទ្រង់ មិន​ថា​ឆ្នាំ​នេះ​ជា​ឆ្នាំ​រង​ទុក្ខ​តិច​តួច ឬ​ក៏​ច្រើន​ក៏​ដោយ។ ហើយ​យើង​ក៏​បាន​រៀន​មេរៀន​ខ្លះៗ​ដែល​យើង​ជឿ​ទុក​ចិត្ត​ថា នឹង​ជា​ពរជ័យ​ដល់​អ្នក​ដទៃ ប្រសិន​បើ​នេះ​ជា​ឆ្នាំ​ដែល​ព្រះ​ជាម្ចាស់​ត្រាស់​ហៅ​ពួក​គេ​ឲ្យ​ដើរ​ក្នុង​ផ្លូវ​លំបាក​នៃ​សេចក្តី​ទុក្ខ​ព្រួយ​ក៏​ដោយ។

និពន្ធ​ដោយ៖ លោក​គ្រូ Tim Challies

បក​ប្រែ​ដោយលោក​គ្រូ៖ ឈាង បូរ៉ា

កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, កញ្ញា សួន សុជាតា និងលោក ប៊ុន ធីម៉ូថេ

ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី www.challies.com ដោយមានការអនុញ្ញាត។


Hosted on Acast. See acast.com/privacy for more information.