មេរៀន៖ #ភាពចម្លែកនៃដំណឹងល្អ
របៀបទទួលបានសេចក្ដីសង្គ្រោះ
រ៉ូម ១០:៩-១០៖ «ព្រោះបើមាត់អ្នកប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះ។ ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយបានសង្គ្រោះដោយមាត់ប្រកាសប្រាប់»។
យើងដឹងថា៖ ព្រះរាជ្យនគររបស់ព្រះជាម្ចាស់ និងដំណឹងល្អរបស់ព្រះអង្គចម្លែក ពីព្រោះមិនអាចមានការលាយឡំជាមួយនឹងសាសនាចាស់របស់សាសន៍យូដា ឬក៏សាសនាណាមួយផ្សេងទៀតបានទេ។ ហេតុដូច្នេះហើយបានជាព្រះយេស៊ូវបន្តលើកឡើងអំពីការប្រៀបប្រដូចពីរយ៉ាងទាក់ទងទៅនឹងការយកក្រណាត់ថ្មីទៅប៉ះលើសម្លៀកបំពាក់ចាស់ និងការយកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់។
ការយកក្រណាត់ទៅប៉ះលើសម្លៀកបំពាក់នឹងមិនមានភាពស៊ីគ្នាទេ មិនមែនត្រឹមថាវាមិនស៊ីគ្នាទាក់ទងទៅនឹងពណ៌ ឬក៏ក្រណាត់ចាស់ និងថ្មីនោះទេ ប៉ុន្តែមិនយូរមិនឆាប់វាក៏នឹងមានការរហែកផង។ ដូចគ្នាផងដែរ នៅសម័យនោះ គេមិនយកស្បែកថ្មីទៅប៉ះថង់ស្បែកស្រាចាស់នោះទេ មូលហេតុគឺដោយសារប្រសិនបើគេធ្វើបែបនោះ នោះថង់ស្បែកស្រា ដែលគេប្រើប្រាស់នឹងរហែក។ ហេតុអ្វីបងប្អូន? មូលហេតុគឺដោយសារថង់ស្បែកស្រាចាស់មានការយាររួចស្រេចទៅហើយ ប៉ុន្តែស្បែកថ្មីមិនទាន់មាន ហេតុដូច្នេះពេលដែលវាយារ នោះវានឹងធ្វើឲ្យថង់ស្បែកស្រាចាស់រហែក ធ្លាយ ហើយមានការបាត់បង់។
ផ្ទុយពីសាសនាយូដា ព្រះយេស៊ូវកំពុងតែបង្ហាញថា សូម្បីតែសាសនាផ្សេងៗក៏មិនអាចយកមកលាយឡំជាមួយនឹងដំណឹងល្អដែលទ្រង់កំពុងតែប្រទានឲ្យ ដើម្បីនាំឲ្យព្រះជាម្ចាស់អត់ទោសអំពើបាប ផ្សះផ្សាទំនាក់ទំនងបានដែរ។ ដូច្នេះ យើងក៏មិនអាចយកទង្វើល្អរបស់យើងទៅប្ដូរជាមួយនឹងព្រះជាម្ចាស់ ដើម្បីឲ្យទ្រង់អត់ទោសអំពើបាបរបស់យើងបានដែរ។ មានផ្លូវតែមួយគត់៖ គឺតាមរយៈព្រះយេស៊ូវ! ដូច្នេះហើយបានជាសាវ័ក យ៉ូហាន បានលើកឡើងថា ព្រះអង្គគឺជាផ្លូវ គឺជាជីវិត និងជាសេចក្ដីពិត ហើយមិនមានអ្នកណាអាចទៅរកព្រះជាម្ចាស់បាន លុះត្រាតែតាមរយៈព្រះអង្គផ្ទាល់។
សរុបសេចក្ដីទៅ គ្មានដំណឹងណាផ្សេងអាចយកមកប្រៀបផ្ទឹមជាមួយនឹងដំណឹងល្អរបស់ព្រះយេស៊ូវបានឡើយ។ ដំណឹងល្អរបស់ព្រះអង្គគឺចម្លែក ខុសប្លែកពីសាសនាផ្សេងៗ។
ចំពោះបងប្អូនដែលបានទទួលជឿលើព្រះអង្គហើយ តើសព្វថ្ងៃនេះបងប្អូនមានសកម្មភាពក្នុងការផ្សាយដំណឹងនេះដែរឬទេ? តើបងប្អូននៅបន្តប្រកាសដំណឹងល្អនេះជាប្រចាំថ្ងៃមកកាន់ខ្លួនឯងដែរឬទេ?
----------------------------------------------------------------------------------------------------------------
និពន្ធដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី បូល រដ្ឋា
លោកអ្នកអាចអានមេរៀននេះឡើងវិញតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
https://plovpit.com/the-uniqueness-of-the-gospel/?swcfpc=1
Hosted on Acast. See acast.com/privacy for more information.