យើងជាមនុស្សដែលសូនចេញពីធូលីដី និងពេញដោយអំពើបាបយើងប្រឈមមុខនឹងសេចក្តីល្បួងដ៏គួរឲ្យអស់ខ្លាច៖ គឺការពឹងលើខ្លួនឯង។ មិនថាយើងខ្សាយ និងមានកំណត់ត្រាអំពើបាបច្រើនប៉ុណ្ណាក៏ដោយ ក៏យើងឃើញថា ខ្លួនយើងនៅតែមានការល្បួងជាញឹកញយឲ្យពឹងខ្លួនយើងក្នុងការរកជំនួយ។ សូមស្តាប់នូវអ្វីដែលលោកគ្រូ ចន ផាបភ័រ មានប្រសាសន៍៖ «អំនួត ឬក៏ការលើកតម្កើងខ្លួនឯង ឬក៏ការពឹងលើខ្លួនឯង គឺជាមេរោគមួយដែលបណ្ដាលឲ្យមានជម្ងឺសីលធម៌គ្រប់យ៉ាងក្នុងពិភពលោកនេះ។ នេះជាករណីដែលកើតមានតាំងពីពេលដែលលោក អ័ដាម និងនាង អេវ៉ា បានបរិភោគផ្លែឈើពីដើមដឹងខុសត្រូវដោយព្រោះពួកគាត់ចង់ធ្វើជាព្រះ ជាជាងទុកចិត្តលើទ្រង់។ ហើយការនេះនឹងនៅជាការពិតទាល់តែការបះបោរចុងក្រោយនៃអំនួតរបស់មនុស្សត្រូវបានកំទេចចោលក្នុងសង្គ្រាមអើម៉ាគេដូន (Armageddon)។ មានបញ្ហាសីលធម៌ជាមូលដ្ឋានតែមួយគត់៖ តើយើងអាចយកឈ្នះលើការជំរុញចិត្តរបស់មនុស្សឥតឈប់ឈរ ក្នុងការអះអាងខ្លួនឯងដោយទាស់ប្រឆាំងនឹងសិទ្ធិអំណាច និងព្រះគុណរបស់ព្រះបានដោយរបៀបណា?»។ យើងអាចឃើញការពឹងលើខ្លួនឯងនេះនៅក្នុងជីវិតយើងយ៉ាងហោចណាស់ក្នុងពីរចំណុច៖ នៅពេលដែលយើងមិនបាននាំយកបន្ទុករបស់យើងទៅឯព្រះជាម្ចាស់តាមរយៈការអធិស្ឋាន និងនៅពេលដែលយើងមិនបាននាំយកបន្ទុកទាំងនោះទៅប្រាប់បងប្អូនគ្រីស្ទបរិស័ទដទៃទៀត។ ក្នុងករណីទាំងពីរនេះ យើងបានបញ្ចុះបញ្ចូលខ្លួនឯងថា យើងអាចទ្រាំទ្រទម្ងន់នេះបានដោយខ្លួនឯង ហើយថាយើងមានកម្លាំងល្មមគ្រប់គ្រាន់ដើម្បីស្ពាយវា។
Hosted on Acast. See acast.com/privacy for more information.